វិធីសាស្ត្រក្នុងការព្យាបាល ជំងឺថប់អារម្មណ៍
ជំងឺថប់បារម្ភ (Anxiety) ដែលមានអារម្មណ៍ច្រាស់ច្រាល់ អន្ទះអន្ទែង ជាជំងឺផ្លូវចិត្តម្យ៉ាង កើតមានញឹកញាប់។ ជាទូទៅ អ្នកជំងឺថប់បារម្ភ រមែងគិត និងព្រួយបារម្ភច្រើន (ហួសហេតុ) អំពីបញ្ហានានាក្នុងជីវិត ដូចជាគិតពីបញ្ហាការងារ បញ្ហាមុខរបរ ពីអនាគតកូនចៅ បញ្ហាគ្រួសារ និងជាពិសេសពីបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅ...។
ជាការណែនាំដោយអ្នកជំនាញ នៃអង្គការចិត្តសង្គម អន្តរវប្បធម៌ នៃកម្មវិធីសុខភាពផ្លូវចិត្ត បានបង្ហាញពីរោគសញ្ញារបស់ជំងឺថប់បារម្ភ ក៏ដូចជាដំណោះស្រាយដូចខាងក្រោម៖
រោគសញ្ញាថប់បារម្ភ
អ្នកជំងឺថប់បារម្ភ ច្រើនមានអាការៈលើផ្លូវចិត្ត និងលើរាងកាយមួយចំនួន៖
១. អាការៈលើចិត្ត៖
- ភ័យខ្លាច គិតព្រួយ គិតច្រើន
- រសាប់រសល់ ទាល់គំនិត
- វិលមុខ មានអារម្មណ៍ញាប់ញ័រ
- ងាយភ្ញាក់ផ្អើល និងគេងមិនលក់ដូចធម្មតា

២. អាការៈលើរាងកាយ
- បែកញើសខុសធម្មតា
- ត្រជាក់ដៃ-ជើង
- ដង្ហើមផុតៗ ស្ងួតមាត់
- នោមញឹក ឬរាករូស
- ញ័រដើមទ្រូង ឬតឹងទ្រូង ពិបាកដកដង្ហើម
លក្ខណៈទាំងនេះ អាចធ្វើឲ្យមនុស្សភាគច្រើនគិតថាខ្លួនមានជំងឺខ្សោយបេះដូង។
ដំណោះស្រាយ៖
គេអាចជួយអ្នកមានជំងឺថប់បារម្ភបាន តាមរយៈវិធីមួយចំនួនដូចជា៖
១. លំហាត់សម្រាកចិត្ត កាយ៖
ធ្វើលំហាត់សម្រាកចិត្ត កាយ ដូចជាលំហាត់ដកដង្ហើម (ចុចអាន៖ វិធីធ្វើលំហាត់សម្រាកចិត្ត កាយ)
២. ពិភាក្សាយោបល់ជាមួយ អ្នកជឿទុកចិត្ត
អ្នកកើតមានជំងឺថប់បារម្ភ អាចទទួលបានការធូរស្បើយ តាមរយៈការនិយាយពិគ្រោះបញ្ហារបស់ខ្លួន ជាមួយមនុស្សដែលខ្លួនជឿទុកចិត្ត ឬទទួលបានការណែនាំ ឬឱវាទល្អៗពីសំណាក់ចាស់ព្រឹទ្ធាចារ្យ និងជាពិសេសពីសំណាក់ អ្នកឯកទេសផ្ដល់ប្រឹក្សាតាមបែបចិត្តសាស្ត្រ។
៣. ធ្វើតាមវិធីបែបប្រពៃណី បុរាណ
វិធីប្រពៃណីបុរាណ ដូចជាការសែនព្រេន បន់ស្រន់ ពិធីនិមន្តព្រះសង្ឃ ស្រោចទឹកមន្តរំដោះគ្រោះ ។ល។ អាចជួយឲ្យអ្នកជំងឺថប់បារម្ភធូរស្បើយបាន។
៤. វិធីព្យាបាលដោយគ្រូពេទ្យ
ចំពោះករណីដែលអ្នកជំងឺមានអាការៈភ័យខ្លាច និងព្រួយបារម្ភខ្លាំង ចាំបាច់ត្រូវតែនាំអ្នកជំងឺទៅពិគ្រោះ និងទទួលការពិនិត្យព្យាបាលពីគ្រូពេទ្យឯកទេសផ្លូវចិត្ត។
គ្រូពេទ្យអាចផ្ដល់ឱសថ ដើម្បីព្យាបាលអ្នកជំងឺឲ្យបានធូរស្បើយពីអាការៈនៃជំងឺថប់បារម្ភនេះ៕